| BY | Heach | / | 13-02-2026 | / | 35 |
អាជ្ញាធរខេត្តកណ្តាល ចាត់វិធានការអប់រំម្ចាស់សត្វសុនខ ក្រោយកើតហេតុខាំប្រជាពលរដ្ឋ ៤នាក់
ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រោយទទួលបានរបាយការណ៍ពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចាត់ឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន អញ្ជើញម្ចាស់ផ្ទះដែលចិញ្ចឹមសត្វសុនខបង្កហេតុ មកធ្វើការអប់រំ ណែនាំ និងចាត់វិធានការតាមនីតិវិធី។
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន ៤នាក់ ដែលរងគ្រោះដោយសារសត្វសុនខខាំ រួមមាន៖
១. កុមារី សាមឿន ស្រីមុំ អាយុ ៧ឆ្នាំ មុខរបរ សិស្ស
២. លោកស្រី លីវ ជា អាយុ ៣៥ឆ្នាំ មុខរបរ លក់បន្លែ
៣. កុមារ ជីម មករា អាយុ ៤ឆ្នាំ
៤. លោកស្រី សុខ នាង អាយុ ៧៥ឆ្នាំ
ក្រោយទទួលពាក្យបណ្តឹង អាជ្ញាធរបានអញ្ជើញម្ចាស់សត្វសុនខមកធ្វើការអប់រំ ណែនាំ និងសម្រុះសម្រួល ដោយឱ្យផ្តល់សំណងជូនជនរងគ្រោះទាំង ៤នាក់។
ក្នុងនោះ ម្ចាស់សត្វត្រូវបានធ្វើកិច្ចសន្យា ដោយតម្រូវឱ្យចងសត្វសុនខដោយខ្សែ ឬច្រវាក់ និងដាក់ក្នុងទ្រុងឱ្យបានត្រឹមត្រូវ មិនអនុញ្ញាតឱ្យដើរលេងសេរីបង្កគ្រោះថ្នាក់ដល់អ្នកដទៃទៀតឡើយ។
សារអប់រំដល់ម្ចាស់សត្វចិញ្ចឹម
ការចិញ្ចឹមសត្វ គឺជាសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែការគ្រប់គ្រង និងទទួលខុសត្រូវចំពោះផលប៉ះពាល់ គឺជាកាតព្វកិច្ច។ ម្ចាស់សត្វគួរយកចិត្តទុកដាក់ខ្ពស់ ចង ឬដាក់សត្វក្នុងទ្រុងឱ្យមានសុវត្ថិភាព ពិសេសនៅតំបន់ដែលមានកុមារ និងមនុស្សចាស់រស់នៅ។
ការមិនគ្រប់គ្រងសត្វឱ្យបានល្អ អាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពសាធារណៈ ព្រមទាំងអាចប្រឈមនឹងទំនួលខុសត្រូវតាមផ្លូវច្បាប់។
អាជ្ញាធរអំពាវនាវដល់ម្ចាស់សុនខ ឬសត្វចិញ្ចឹមទាំងអស់ សូមគោរពការណែនាំរបស់អាជ្ញាធរ និងចូលរួមថែរក្សាសុវត្ថិភាពសហគមន៍ជារួម។
សូមសាធារណជនជ្រាប និងផ្សព្វផ្សាយបន្ត។
|