នាយកដ្ឋានកម្មសិទ្ធិបញ្ញាមានភារកិច្ចដូចខាងក្រោម៖
- សម្របសម្រួល និងដឹកនាំការរៀបចំនិងអនុវត្តច្បាប់ គោលនយោបាយ ព្រមទាំងយុទ្ធសាស្ត្រពាក់ព័ន្ធ វិស័យកម្មសិទ្ធិបញ្ញា
- គ្រប់គ្រងនិងផ្តល់កិច្ចការពារលើពាណិជ្ជសញ្ញា សេវាសញ្ញា ពាណិជ្ជនាម និងការប្រកួតប្រជែង មិនស្មោះត្រង់ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម ការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានមិនបើកចំហ
- លើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា និងជំរុញពាណិជូបនីយកម្មទ្រព្យកម្មសិទ្ធិបញ្ញា
- សម្របសម្រួលការចូលជាសមាជិក និងការអនុវត្តកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជាក្រោមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ ពាក់ព័ន្ធកម្មសិទ្ធិបញ្ញា
- ទទួលបន្ទុកជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា
- សហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការចងក្រង និងអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ឱ្យស្របតាម កិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិដែលកម្ពុជាជាភាគី
- ទទួលនិងប្រើប្រាស់ជំនួយបច្ចេកទេសពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញាពីអង្គការអន្តរជាតិនិង ប្រទេសនានា
- ទទួលបន្ទុកជាចំណុចទំនាក់ទំនងក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការទ្វេភាគីឬពហុភាគីលើ វិស័យកម្មសិទ្ធិបញ្ញាជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិផ្សេងៗ
- សហការជាមួយអង្គភាពពាក់ព័ន្ធ ផ្សព្វផ្សាយច្បាប់ បទប្បញ្ញត្តិនានា និងចំណេះដឹងកម្មសិទ្ធិបញ្ញា ដល់មហាជន ស្ថាប័នអប់រំ និងមន្ត្រីអនុវត្តច្បាប់
- ទទួលអនុវត្តនិងសហការរៀបចំច្បាប់និងបទប្បញ្ញត្តិទាក់ទងនឹងកម្មសិទ្ធិបញ្ញា ដែលក្នុងនោះមាន ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ កិច្ចការពារ ការសម្ងាត់ពាណិជ្ជកម្មនិងព័ត៌មានមិនបើកចំហ គ្រប់គ្រងការផ្តល់អាជ្ញាបណ្ណ និងការផ្តល់សិទ្ធិធ្វើ អាជីវកម្ម និងកម្មសិទ្ធិបញ្ញាផ្សេងៗទៀតដែលជាសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម
- ចុះបញ្ជីម៉ាក ម៉ាកជាអន្តរជាតិ ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម ពាណិជ្ជនាម និងម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ ព្រមទាំងកត់ត្រាការផ្តល់អាជ្ញាបណ្ណ និងការផ្តល់សិទ្ធិធ្វើអាជីវកម្មលើម៉ាក
- គ្រប់គ្រង កត់ត្រា និងតម្កល់លិខិតទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយទំនិញពាក់ម៉ាកផ្តាច់មុខ
- គ្រប់គ្រងប្រព័ន្ធទិន្នន័យការចុះបញ្ជីម៉ាក ម៉ាកជាអន្តរជាតិ ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម ម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ និងការកត់ត្រាផ្សេងៗពាក់ព័ន្ធនឹងម៉ាក
- គ្រប់គ្រងនិងអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្ម ការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក និងការកត់ត្រាផ្សេងៗ
- គ្រប់គ្រងការចុះបញ្ជីម៉ាកសាជាថ្មី និងការកត់ត្រាផ្សេងៗ
- គ្រប់គ្រងនិងបណ្តុះបណ្តាលភ្នាក់ងារតំណាងម្ចាស់ម៉ាកស្របច្បាប់
- ដោះស្រាយវិវាទអំពីការចុះបញ្ជីម៉ាក ម៉ាកសមូហភាព និងម៉ាកវិញ្ញាតកម្ម ពាណិជ្ជនាម និងម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ
- សម្រុះសម្រួលវិវាទនានាទាក់ទងនឹងកម្មសិទ្ធិបញ្ញា ដែលជាសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម
- សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នតុលាការ ដើម្បីបញ្ឈប់ការរំលោភកម្មសិទ្ធិបញ្ញា
- បង្កើតនិងគ្រប់គ្រងគេហទំព័រកម្មសិទ្ធិបញ្ញា
- សិក្សា ស្រាវជ្រាវកិច្ចព្រមព្រៀង និងអនុសញ្ញាអន្តរជាតិនានា ដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញា
- ជំរុញការធ្វើពាណិជ្ជកម្មដោយប្រើប្រាស់កម្មសិទ្ធិបញ្ញា
- ជំរុញការកសាងម៉ាកយីហោលើផលិតផលសក្តានុពលកម្ពុជា
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋាន ក្នុងក្របខ័ណ្ឌនៃការអនុវត្ត ភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។