ជុំវិញបញ្ហានេះ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជានឹងណែនាំក្រុមហ៊ុនវេចខ្ចប់នៅទីផ្សារប្រទេសចិន ឱ្យកែតម្រូវការវេចខ្ចប់ឡើងវិញ ហើយសហព័ន្ធនឹងបន្តតាមដានត្រួតពិនិត្យបន្ថែមទៀត ក្រែងលមានការខុសឆ្គងណាមួយបន្តកើតមានឡើង ដើម្បីចាត់ចំណាត់ការបន្ត។
ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានបដិសេធទាំងស្រុងចំពោះសម្បកវេចខ្ចប់អង្ករដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិ ប្រទេសថៃ នេះ ដ្បិតថា ប្រទេសកម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬស្រដៀង ឬមានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេសនានា នៅលើពិភពលោក៕