អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់បន្ថែមថា ៖ «បច្ចុប្បន្នមន្ត្រីរូបនេះក៏កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ របស់អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃដែរ។»។
មុនឈានដល់ការដកតំណែងនេះ មន្ត្រីរូបនេះបានរងការចោទប្រកាន់ពីពលរដ្ឋជាច្រើន ថាមន្ត្រីរូបនេះបានយកតួនាទីរបស់ខ្លួនមកប្រើប្រាស់ក្នុងការកេងយកប្រយោជន៍ពីប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផល តាមអនឡាញតូចតាច។
នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានកោះប្រជុំដើម្បីបំភ្លឺ ជូនក្រុមប្រឹក្សាវិន័យ ពាក់ព័ន្ធការចោទប្រកាន់ ហើយសាមីខ្លួន បានបញ្ជាក់ថា ពុំបានដើរជំរិតទារប្រាក់ពីអាជីវករនោះទេ ប៉ុន្តែថវិកាដែលបានផ្ញើចូលក្នុងគណនីរបស់គាត់ គឺជាថ្លៃសេវា ដែលជាថ្នូរទៅនឹងការបង្ហាត់បង្ហាញពាក់ព័ន្ធបញ្ហាចុះបញ្ជីអាជីវកម្មតាមផ្លូវច្បាប់ប៉ុណ្ណោះ។
ទោះយ៉ាងណា លោក សាន សាធុកា បានទទួលស្គាល់កំហុសដែលខ្លួនបានប្រើប្រាស់តួនាទីជាមន្ត្រីនគរបាលជាតិ ដើម្បីកេងយកប្រយោជន៍ឯកជន ដោយសំអាងលើក្រុមហ៊ុនមេធាវីបម្រើសេវាសាធារណៈ ដែលជាក្រុមហ៊ុនរបស់ប្អូន។ នេះជាមូលហេតុដែលវរសេនីយ៍ទោអស់តំណែង។ នេះជាការពន្យល់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ជុំវិញដំណើររឿងនេះ។
ទង្វើខាងលើរបស់ លោក សាន សាធុកា ក៏អាចជាការប្រព្រឹត្តបទល្មើសស៊ីសំណូកផងដែរ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រង់៖
មាត្រា៥៩៤._ បទស៊ីសំណូក
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ ឆ្នាំ ទៅ១៥ ឆ្នាំ អំពើប្រព្រឹត្តដោយកអ្នករាជការសាធារណៈ ឬដោយពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលទទួលសុំ ឬយល់ព្រមទទួល ដោយគ្មានសិទ្ធិ ដោយផ្ទាល់ ឬដោយប្រយោលនូវអំណោយ ជំនួន ការសន្យា ឬអត្ថប្រយោជន៍ណាមួយដើម្បីៈ
១. បំពេញកិច្ចនៃមុខងាររបស់ខ្លួន ឬ កិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន។
២. មិនបំពេញកិច្ចនៃមុខងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន។
ទន្ទឹមនឹងនេះមហាជនសង្ឃឹមថាករណីរបស់ លោក សាន សាធុកា នឹងធ្លាក់ដល់ដៃរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងសង្ឃឹមទៀតថាអង្គភាពប្រឆាំងអំពើពុករលួយនឹងមានចំណាត់ការទៅលើរឿងនេះយ៉ាងតឹងរឹងបំផុត។ ចែករំលែកដោយអង្គភាពសារព័ត៌មាន ឌីប៊ីធី